ភរិយាលម្អទ្រនំ

 

ផ្ដើមរឿង

(មនុស្សពិកា)

ឈូ ឈូ!

ភ្លៀងធ្លាក់ជោកជាំនៅខាងក្រៅផ្លូវ បិទបាំងជិតអស់ដងវិថីមើលអ្វីមិនឃើញ តែវាក៏មិនមែនជាបញ្ហាសម្រាប់មនុស្សជំនាញបើកបរដូចជាអ្នកកំលោះដូចគ្នា គូស្នេហ៍មួយគូបើកបរបណ្ដើរនិយាយគ្នាលេងបណ្ដើរមិនខ្វល់ថាកំពុងបើកលើផ្លូវ ដែលពោរពេញទៅដោយគ្រោះថ្នាក់ស្អីបន្តិចសោះមានទាំងឱបមានទាំងថើបពេញហ្នឹងតាមបែបគូស្នេហ៍ឈាមរាវរបស់ខ្លួន។

“អូនស្រលាញ់បង វ៉ាល់សៀស៍!” ស្រីស្រស់ឆើតឆាយសិចស៊ីអែនខ្លួនមករកប្រុសកំលោះជាគូស្នេហ៍ នៅមានយកដើមទ្រូងក្លែងក្លាយរបស់ខ្លួនមកប៉ិតនឹងដើមដៃមាំក្នុងគោលបំណងដាស់អារម្មណ៍នេះឯង។

“ហ៊ឹស! និយាយស្ដីផ្អែមល្ហែមបែបនេះសង្ស័យទៅវិញត្រូវឱ្យរង្វាន់ធំហើយមើលទៅ” អ្នកកំពុងតែបើកបរងាកមកនិយាយផ្អែមដាក់គូស្នេហ៍ស្រីវិញ នៅថែមទាំងបឺតមាត់គ្នាមិនខ្លាចគ្រោះថ្នាក់ស្អីបន្តិចសោះហើយ។

“នេះអូនចាប់ផ្ដើមឃ្លានបងខ្លាំងមែនទែនហើយ បន្ថែមល្បឿនទៅបងសម្លាញ់” បេកា ឌុក អ្នកជាសង្សារខណៈដែលអ្នកកំលោះក៏ព្រមធ្វើតាមការបញ្ជាព្រោះថាពេលនេះគេក៏ចាប់ផ្ដើមទ្រាំលែងបានដូចគ្នា ចង់ចូលទៅនែបនិត្យនឹងគូស្នេហ៍ឆាប់ៗនេះ។

ង៉ោង ប៉ាំង ប្រាវ!

សំឡេងរថយន្តរត់ខុសល្បឿនលើផ្លូវ ដែលពេញទៅដោយភ្លៀងធ្លាក់ជោកជាំ ទើបធ្វើឱ្យកង់ឡានរេខុសទិសដៅជ្រុលទៅបុកនឹងដើមឈើ ដុះអមសងខាងនៅសងខាងផ្លូវបណ្ដាលឱ្យមានគ្រោះថ្នាក់ភ្លាមៗ​ បានកើតឡើងជាយថាហេតុ ក៏ជាគ្រោះថ្នាក់ដែលនឹកស្មានមិនដល់ដូចគ្នាជនរងគ្រោះទាំងពីរត្រូវសន្លប់បាត់ស្មារតីភ្លាមៗ។

 

“សុំជៀសផ្លូវបន្តិច!” អ្នកគ្រូពេទ្យរូបស្រស់ស្រែកឡើងខណៈកង់រទេះអ្នករបួសពីរនាក់ដែលមានឈាមស្រោចខ្លួន ត្រូវរុញចូលទៅក្នុងបន្ទប់សង្គ្រោះបន្ទាន់តំណាលគ្នាយ៉ាងប្រញាប់ប្រញាល់ព្រោះបើហ៊ានតែយឺតយ៉ាវច្បាស់ណាស់ថាមិនអាចយកពួកគេចេញពីទ្វារយមរាជបាននោះទេ។

បីម៉ោងក្រោយមក

ទ្វារបន្ទប់សង្គ្រោះអ្នករបួសស្រីត្រូវបើកទ្វារឡើង តាមដោយស្នាមញញឹមរបស់គ្រូពទ្យបញ្ជាក់​ច្បាស់ណាស់ថាអ្នកម្ខាងទៀតរួចផុតពីគ្រោះថ្នាក់សព្វគ្រប់ហើយ នៅឡើយតែជនរងគ្រោះម្នាក់ទៀតប៉ុណ្ណោះ ដែលគ្រូពេទ្យកំពុងញាប់ដៃញាប់ជើង ប្រឹងប្រែងទាញគេចេញពីទ្វារនរក។

“បងកូនយើងអាចមានរឿងអីទេ? អូនបារម្ភពីគេណាស់!” ម៉ាដាមដែលអង្គុយរង់់ចាំយ៉ាងសន្ទះសារនៅមុខបន្ទប់ ងាកមកសួរនាំស្វាមីដោយចិត្តខ្វល់ខ្វាយ ឃើញទឹកមុខភរិយាហើយប្រមុខត្រូវប្រញាប់លួងលោម​មិនចង់ឱ្យមនុស្សចូលចិត្តគិតច្រើនទៅជាមិនសប្បាយចិត្ត ខ្យល់.គនាំឱ្យពិបាកម្នាក់ទៀត។

“កូនយើងគេរឹងមាំណាស់​ គេនឹងមិនអីនោះទេអូនកុំបារម្ភអី ម្យ៉ាងមាន វ៉ាល់នៀរ៍ នៅក្នុងនោះហើយគេប្រាកដជាមិនឱ្យបងប្រុសគេមានរឿងអីនោះទេ” ប្រមុខទាញភរិយាមកឱបផ្ដល់ភាពកក់ក្ដៅក៏ដូចជាសម្រួលអាការៈតានតឹងឱ្យព្រមគ្នា។

ដប់ម៉ោងបន្ទាប់

ការវះកាត់ជិតដប់ម៉ោងបានកន្លងផុតទៅ ស្របពេលទ្វារបន្ទប់ដែល​បិទជិតអស់ជាច្រើនម៉ោងក៏បើកឡើងដូចគ្នា នាំរូបរាងសង្ហាភើហ្វិចរបស់លោកដុកទ័រកំលោះចេញមកជាមួយទឹកមុខមានសង្ឃឹម តែក្នុងនោះក៏មានលាក់បង្កប់ដោយក្ដីទុក្ខសោកដូចគ្នា! ត្រឹមឃើញកូនប្រុសដើរចេញមកម៉ាដាមដែលអង្គុយអស់សង្ឃឹមមុននេះប្រញាប់ប្រញាល់ស្ទុះមករកកូនសឹងតែជំពប់ជើងដួល ថ្នាក់អ្នកជាស្វាមីត្រូវប្រញាប់ក្រោកទៅតាមដោយការព្រួយបារម្ភដូចគ្នា។

“វ៉ាល់នៀរ៍ បងប្រុសយ៉ាងម៉េចហើយកូន​?” អ្នកម្ដាយចាប់ដៃកូនប្រុសពៅសួរនាំទាំងទឹកភ្នែកហូរកក្លាក់ បានឃើញហើយអត់អាណិតមិនបាន វ៉ាល់នៀរ៍ ត្រូវលូកមកជូតទឹកភ្នែកឱ្យម្ដាយ។

“អ្នកម៉ាក់សម្រួលអារម្មណ៍សិនទៅ ពេលនេះបងប្រុសឆ្លងផុតពីគ្រោះថ្នាក់ហើយ” ពាក្យថា ឆ្លងផុតគ្រោះថ្នាក់ អាចឱ្យអ្នកមានគុណញញឹមធូរស្រាលចិត្តបានមកវិញខ្លះ តែហើយត្រូវផ្លាស់ប្ដូរទឹកមុខពេលឮប្រយោគបន្ទាប់របស់កូនប្រុស “តែបងប្រុសត្រូវរបួសធ្ងន់ធ្ងរ ប៉ះពាល់ដល់ឆ្អឹងស្មងជើងទើបធ្វើឱ្យគាត់អាចនឹងពិកាមួយរយៈ”   វ៉ាល់នៀរ៍   ប្រាប់ដោយទឹកមុខ

ស្មើគ្មានពន្លឺលេងសើច។

“ពុទ្ធោកូនម្ដាយ!” ម៉ាដាមឮដំំណឹងនេះហើយក៏មិនអាចទទួលយកបានទើបទៅជាដួលសន្លប់ភ្លាមៗ។

“អូនសម្លាញ់!”

“អ្នកម៉ាក់!” វ៉ាល់នៀរ៍ លើកបីអ្នកម្ដាយដែលមានខ្លួនតូចតែមួយប្រញាប់ប្រញាល់រៀបចំបន្ទប់ឱ្យគាត់សម្រាក ន្អាលបានមកចាត់ចែងអ្នកជំងឺរបស់ខ្លួន ដែលជាបងប្រុសបង្កើតហ្នឹងឯង! កុំថាឡើយតែម្ដាយសូម្បីតែគេផ្ទាល់ក៏មិនអាចទទួលយកបានដូចគ្នា នេះបើគេមិនមែនជាគ្រូពេទ្យក៏ប្រហែលជាស្លុតចិត្តបែបនេះដែរ។

មួយសប្ដាហ៍បានកន្លងផុត

បុត្រាច្បងរបស់ត្រកូលដែលសន្លប់ស្ដូកស្ដឹងអស់ជាច្រើនថ្ងៃ ព្រមភ្ញាក់ដឹងខ្លួនជាថ្មីនៅព្រឹកថ្ងៃថ្មី វ៉ាល់សៀស៍ បើកភ្នែកឡើងតែហើយក៏ត្រូវបិទទៅវិញយ៉ាងរហ័ស ព្រោះតែភ្នែកដែលមិនទាន់ស៊ាំនឹងពន្លឺអស់ពេលមួយអាទិត្យទៅហើយ! ក្រោយបិទអស់មួយសន្ទុះទើបអ្នកកំលោះធ្វើការបើកវាឡើងវិញម្ដងទៀត ម្ដងនេះគេមិនបានបង្ខំតែក៏បើកភ្នែកឡើងយឺតៗកុំឱ្យកុងនឹងពន្លឺដែលចាំងជះចូលមក... វ៉ាល់សៀស៍ នៅតែស្ងៀមស្ងាត់មិននិយាយអ្វីខណៈដែលភ្នែកក៏ព្យាយាមសម្លឹងមើលទៅជុំវិញខ្លួន ទើបគេដឹងថាពេលនេះខ្លួនឯងកំពុងស្ថិតនៅកន្លែងណា ស្របពេលនឹកឃើញខួរក្បាលក៏រំលឹកដល់ថ្ងៃកើតហេតុដូចគ្នា។

“បេកា!” ត្រឹមនឹកដល់គូស្នេហ៍ វ៉ាល់សៀស៍ ស្ទុះប្រកាច់ចុះពីគ្រែតែ

ម្ដង តែហើយក៏...

ព្រុស

ជើងដែលដំណើរការមិនបានរបស់គេ មិនព្រមសហការណ៍ជាមួយទើបម្ចាស់រាងក្រាស់ត្រូវស្រុតចុះទៅលើដីភ្លាមៗ ធ្វើឱ្យសាមីខ្លួនមានការមិនពេញចិត្តជាខ្លាំង។

“ចង្រៃយក៍! ម៉េចក៏ដើរមិនបាន” វ៉ាល់សៀស៍ ដំជើងរបស់ខ្លួនខ្លាំងៗដោយការខឹងចិត្ត បើទោះជាជើងមិនអាចប្រើការបាន តែវាមិនមែនជាឧបសគ្គសម្រាប់គេនោះទេ ប្រុសកំលោះនៅតែប្រឹងវារទៅមុខបន្ត ទាំងមុខរបួសចាប់ផ្ដើមហូរឈាមហើយក៏គេមិនខ្វល់ នៅខណៈពេលដែលគេធ្វើជិតបានសម្រេចទៅហើយ នៅសុខៗទ្វារបន្ទប់ក៏បើកឡើងដោយមានវត្តមានសមាជិកគ្រួសាររបស់គេនេះឯងជាអ្នកចូលមក។

“បង វ៉ាល់សៀស៍ បងធ្វើស្អីហ្នឹង?” វ៉ាល់នៀរ៍ ស្ទុះមកត្រកងបងប្រុសឱ្យក្រោកឡើង តែមនុស្សក្បាលរឹងបែរជាគ្រវាសដៃប្អូនប្រុសចេញយ៉ាងគ្មានទឹកចិត្ត។

“ឯងកុំមកខ្វល់ពីបង បងចង់ទៅរក បេកា!” សម្ដីអ្នកជំងឺឱ្យអ្នកទាំងបីទៀតសម្លឹងមុខគ្នាទាំងអារម្មណ៍ហេងហាង តែក៏មិនអាចលាក់បានទៀតទើបប្អូនប្រុសត្រូវសម្រេចចិត្តទម្លាយការពិតចេញមក។

“បងមិនបាត់ទៅរកនាងទេ ទោះទៅក៏គ្មានប្រយោជន៍ដែរ” សម្ដីរបស់គេអាចបញ្ឈប់សកម្មភាពរបស់បងប្រុសបានយ៉ាងងាយ។

“ឯងចង់និយាយស្អី?” វ៉ាល់សៀស៍ ងើយមើលមកប្អូនប្រុសដោយ

ការសង្ស័យ តែប្អូនប្រុសបែរជាមានទឹកមុខស្មើហាក់មិនចង់ប្រាប់ការពិតដល់គេ ទើបមនុស្សចិត្តក្ដៅស្រែកសម្លុតមួយទំហឹង “បងសួរឯងមិនឮទេហ្អេស!!!”

“បេកា ស្លាប់បាត់ហើយ”

“ឯងនិយាយស្អី វ៉ាល់នៀរ៍ និយាយម្ដងទៀតទៅ និយាយទៅ!!!” ពេលឮប្អូនប្រុសនិយាយសម្ដីឆ្កូតៗមិនចូលត្រចៀក វ៉ាល់សៀស៍ ទៅជាពាលកាន់តែខ្លាំង ចាប់ក្របួច.កអាវអ្នកម្ខាងទៀត បើគេរឹងមាំប្រហែលជាដាល់ប្អូនប្រុសហើយមើលទៅ។

“បេកា ស្លាប់បាត់ហើយ” វ៉ាល់នៀរ៍ មិនខ្លាចនឹងអារម្មណ៍បងប្រុសដោយនៅតែអះអាងពាក្យសម្ដីរបស់ខ្លួនដដែល។

“ហ៊ឹសៗ ឯងលេងសើចនឹងបងទេត្រូវទេ?”

“នាងពិតជាស្លាប់ពិតមែនកូន!” ពេលកូនប្រុសមិនជឿម៉ាដាមក៏ត្រូវលូកមាត់មកបញ្ជាក់កូនប្រុសថែមម្នាក់ទៀត។

“អ្នកទាំងអស់គ្នាកុហកខ្ញុំ... អ្នកទាំងអស់គ្នាមិនចង់ឱ្យខ្ញុំនឹង បេកា ស្រលាញ់គ្នាខ្ញុំដឹង ខ្ញុំមិនជឿ! មិនជឿថានាងស្លាប់នោះទេ...” ដៃដែលមានកម្លាំងគំហែងតិចតួចប្រឹងគ្រវាសគ្រប់គ្នា​ឱ្យចេញពីមុខរបស់ខ្លួន។

“បងប្រុសបងធ្វើស្អីហ្នឹង?” វ៉ាល់នៀរ៍ ប្រឹងចាប់អ្នកជំងឺមិនឱ្យធ្វើអ្វីតាមកំហឹងរបស់ខ្លួនមិនអ៊ីចឹងទេ របួសអាចរើទៅជាធ្ងន់ធ្ងរនាំឱ្យពិបាកជាងនេះមិនខានទេ។

“លែងបង! បងទៅរក បេកា បងមិនជឿថានាងដាច់ចិត្តទៅចោល

បងនោះទេ...លែងបងទៅ វ៉ាល់នៀរ៍!!” មនុស្សឆ្កួតចិត្តនៅមិនឈប់ស្រែកគំហកដាក់ប្អូនប្រុសដែលព្យាយាមរារាំងដំណើររបស់ខ្លួនមិនឱ្យទៅស្រីជាទីស្រលាញ់។

“បងចង់ទៅណាមិនឃើញសភាពខ្លួនឯងនៅពេលនេះទេហ្អេស!!” មិនខ្វល់ថាបងប្រុសយ៉ាង វ៉ាល់នៀរ៍ ស្រែកសម្លុតវិញគ្មានប្រណី បើគេមិនបារម្ភពីបងប្រុសគេក៏ហាមឃាត់ឈឺឆ្អាលបែបនេះដែរ។

“ឯងកុំ​មកចេះដឹងរឿងបង!”

“បើបងមិនមែនជាបងប្រុសខ្ញុំ ខ្ញុំក៏មិនឈឺឆ្អាលដែរ!” វ៉ាល់នៀរ៍ តបដោយទឹកមុខស្មើមិនខុសពីទឹកដម សាងឱ្យមនុស្សប្រកាច់ខុសរបៀបមុននេះស្ងាត់មាត់មួយខណៈ ឆ្លៀតឳកាសបងប្រុសភ្លេចខ្លួន វ៉ាល់នៀរ៍ ទាញរបស់ម្យ៉ាងពីក្នុងហោប៉ៅ មុននឹង...

ជ្រិប

ស៊ឺរាំងថ្នាំដែលបានត្រៀមរួចជាស្រេច ត្រូវចាក់ចូលទៅក្នុងដើមដៃហាប់ណែនដោយសាច់ដុំ យ៉ាងស្ទាត់ជំនាញតាមវិជ្ជាជាគ្រូពេទ្យរបស់ខ្លួន វ៉ាល់នៀរ៍ បាញ់ថ្នាំចូលទៅភ្លាមៗមិនបានប៉ុន្មាននាទីផងមនុស្សក្បាលរឹងមុននេះក៏សន្លប់បាត់តាមឥទ្ធិពលថ្នាំដែលធ្វើទុក្ខ។

“វ៉ាល់នៀរ៍ កូនចាក់អីឱ្យបងប្រុស?” ម៉ាដាមដែលស្លុតចិត្តមិនទាន់បាត់សួរកូនប្រុសដោយការព្រួយបារម្ភ តែសំណួររបស់គាត់ហុចផលឱ្យកូនប្រុសអស់សំណើចទៅវិញ ហើយក៏ទាញសំណើចអ្នកជាស្វាមីដូចគ្នា។

“ហ៊ឹសៗ     អ្នកម៉ាក់កុំបារម្ភអីខ្ញុំមិនឃោរឃៅសម្លាប់បងប្រុសខ្លួន

ឯងនោះទេ! មុននេះគ្រាន់តែចាក់ថ្នាំរំងាប់អារម្មណ៍ឱ្យគាត់តែប៉ុណ្ណោះ” ព្រោះដឹងថាក្រោយទទួលដំណឹង បងប្រុសអាចនឹងមានអាការៈបែបនេះទើបគេត្រូវត្រៀមរបស់ខ្លះទុកជាមុន តែក៏មិនមែនមានតែបងប្រុសគេម្នាក់ដែរ អ្នកជំងឺទូទៅភាគច្រើនគឺសុទ្ធតែបែបនេះដូច្នេះមិនចម្លែកទេដែលគេមានថ្នាំដាក់ជាប់ខ្លួនជាប្រចាំ។

“លោកប៉ាជួយគ្នាបន្តិច!” វ៉ាល់នៀរ៍ ហៅអ្នកមានគុណឱ្យជួយគ្រាបងប្រុសមានឌាំងរបស់ខ្លួនដាក់លើគ្រែ ព្រោះគេម្នាក់ប្រហែលជាមិនអាច យកឈ្នះកម្លាំងយក្សមួយនេះបានទេ។

អ្នកជំងឺត្រូវដាក់ឱ្យគេងនៅលើគ្រែ តាមដោយលោកគ្រូសង្ហាចាប់ផ្ដើមចាត់ការលាងរបួសឱ្យបងប្រុសជាឈាម មិនអ៊ីចឹងទេរបួសអាចនឹងឆ្លងមេរោគនាំឱ្យពិបាកពេលក្រោយ។

(សុំទោស វ៉ាល់សៀស៍ ម៉ាក់គ្មានចេតនាធ្វើបែបនេះទេ តែទាំងនេះគឺព្រោះតែចង់ឱ្យកូនមានសុភមង្គលតែប៉ុណ្ណោះ) ម៉ាដាមរំលឹកនៅក្នុងចិត្តដោយទឹកមុខដឹងខុសដាក់កូនប្រុសច្បង មុននឹងបែរខ្លួនចេញទៅទុកតួនាទីឱ្យកូនប្រុសពៅធ្វើការរបស់គេ! ចង់បន្ទោសគាត់ក៏មិនអីដែរ តែដែលគាត់ធ្វើនេះព្រោះមិនចង់ឱ្យកូនធ្លាក់នរកម្ដងហើយម្ដងទៀតតែប៉ុណ្ណោះនេះសំណាងប៉ុណ្ណាហើយដែលអាចងើបពីនរកបាន ត្រឹមម្ដងនេះបានហើយគាត់មិនចង់មានលើកទីពីរ រង់ចាំកូនប្រុសដែលមិនស្លាប់ឬរស់ ឬឱ្យមនុស្សសក់.សជូនដំណើរមនុស្សសក់ខ្មៅនោះទេ។

ត្រូវចាំថាគ្មានឪពុកម្ដាយចង់ឱ្យកូនខ្លួនឯងអាក្រក់នោះទេ    ពួកគាត់

តែចង់ឃើញយើងមានក្ដីសុខជានិច្ច...

ក្រោយពីទទួលដំណឹងដ៏សោកសៅមួយនោះហើយ វ៉ាល់សៀស៍ ត្រូវអង្គុយក្រៀមក្រំជារាងរាល់ថ្ងៃ មិននិយាយស្ដីមិនខ្វល់ពីអ្នកណាសូម្បីតែរបួសខ្លួនឯង ដែលគួរណាស់តែបានធូរស្បើយហើយក៏បែរជាកាន់តែធ្ងន់ ធ្ងរព្រោះតែសាមីខ្លួនមិនគិតនឹងព្យាបាលវាឱ្យជា! ឃើញសភាពគេបែបនេះហើយគ្រប់គ្នាក៏អត់ព្រួយបារម្ភមិនបាន ខ្លាចថាបើបណ្ដោយបែបនេះសភាពរបស់គេនឹងកាន់តែធ្ងន់ធ្ងរទៅហៅលែងឮ....ហ៊ឹស! តើគេនៅមានសង្ឃឹមអ្វីទៀតបើខ្លួនឯងក្លាយជាមនុស្សពិកាគ្មានបានការម្នាក់ទៅហើយ។

ម្ដាយកូនពីរនាក់ដែលឈរសម្លឹងមើលអ្នកជំងឺពីក្រៅបន្ទប់ ម្នាក់ៗទឹកភ្នែករលីងរលោងដែល វ៉ាល់នៀរ៍ អាចទប់អារម្មណ៍បានព្រោះខ្លួនជាប្រុស តែអ្នកផ្ដល់កំណើតវិញមិនអាចហាមឃាត់អារម្មណ៍ទន់ជ្រាយបានត្រូវហូរទឹកភ្នែកដោយមិនដឹងខ្លួន ថ្នាក់កូនប្រុសពៅប្រញាប់ទាញមកឱបលួងលោម។

“ខ្ញុំថាពួកយើងគួរតែប្រាប់ការពិតដល់បងប្រុស តើល្អទេអ្នកម៉ាក់?” ព្រោះមិនអាចទ្រាំឃើញសភាពទ្រុឌទ្រោម ពីមួយថ្ងៃទៅមួយថ្ងៃបន្តរបស់បងប្រុសបានទៀត វ៉ាល់នៀរ៍ ទប់ចិត្តមិនបានសឹងតែនិយាយការពិតចេញមកទៅហើយ តែគេក៏មិនអាចធ្វើបែបនោះបានដូចគ្នា។

“មិនបានទេ! យើងមិនអាចប្រាប់ការពិតដល់គេបានទេ”

“តែបើបែបនេះបងប្រុសនឹងទៅជាយ៉ាប់ជាងនេះមិនខានទេ”

“ទ្រាំបន្តិចទៀតទៅ!  បើគេពិតជាស្រលាញ់  បេកា មែនគេមិនអាច

ឆ្លងផុតការឈឺចាប់មួយនេះបានទេ” បើកូនប្រុសពិតជាស្រលាញ់ស្រីម្នាក់នោះអស់ពីចិត្តចេញពីបេះដូងមែន គាត់ព្រមឱ្យពួកគេជួបគ្នាមិនបំបែកទៀតទេ! មានន័យថានេះគឺជាការដកពិសោធន៍របស់គាត់ចំពោះកូនប្រុសឬ?

“អ្នកម៉ាក់ចង់មានន័យថាម៉េច?” វ៉ាល់នៀរ៍ ដែលដើរមិនទាន់អ្នកម្ដាយសួរដោយការសង្ស័យ តែក៏មានពន្លឺអាចយល់ន័យបានខ្លះនៅក្នុងចិត្តដូចគ្នា។

“ម៉ាក់ជឿថា វ៉ាល់សៀស៍ មិនបានស្រលាញ់ បេកា នោះទេគេគ្រាន់តែមានអារម្មណ៍ឈ្លក់វង្វេងមួយពេលតាមចរិតរបស់ខ្លួនប៉ុណ្ណោះដូច្នេះម៉ាក់មិនអាចឱ្យពួកគេនៅជាមួយគ្នាបាននោះទេ ព្រោះស្រីម្នាក់នោះមិនអាចនាំក្ដីសុខឱ្យកូនប្រុសម៉ាក់បាន” សម្ដីរបស់អ្នកម្ដាយឱ្យកូនប្រុសហួសចិត្តតែម្ដង មិនគិតថាអ្នកមានគុណមានគំនិតបុរាណអីបែបនេះ។

“ពុទ្ធោអើយអ្នកម៉ាក់! មនុស្សសម័យនេះគឺបែបនេះឯង ស្រលាញ់គ្នាដើម្បីសប្បាយតែប៉ុណ្ណឹងទេ គ្មានអ្នកណាមានស្នេហ៍ស្មោះដូចជាសម័យប៉ាម៉ាក់នោះទេ”

“កូនមិនយល់អ៊ីចឹងហើយកុំមកនិយាយជាមួយម៉ាក់! នៅថ្ងៃណាមួយដែលកូនចេះស្រលាញ់ស្រីណាម្នាក់ស្មោះពីបេះដូង នោះទាំងភ្នែកចិត្តគំនិតរបស់កូននឹងគ្មានអ្នកណាអាចជំនួសនាងបានទេ...សុខចិត្តទ្រាំរស់ឈឺចាប់នៅថ្ងៃណាមួយដែលបាត់បង់គេ” ម៉ាដាមរៀបរាប់បណ្ដើរសម្លឹងមើលទៅកូនប្រុសច្បងក្នុងបន្ទប់បណ្ដើរ។

“ហើយនៀកបងប្រុសមិនកំពុងតែឈឺចាប់ឬអ្នកម៉ាក់?”     មិនមែន

គេសួរឌឺ គ្រាន់តែគេចង់បញ្ជាក់អ្នកម្ដាយនេះឯង។

“បងប្រុសកូនគេមិនបានឈឺចាប់​ គ្រាន់តែសោកស្ដាយដែលធ្វើឱ្យអ្នកម្ខាងទៀតស្លាប់តែប៉ុណ្ណោះ”

“អ្នកម៉ាក់!”

“កុំនិយាយច្រើន ឆាប់ទៅធ្វើការងាររបស់កូនទៅ”

“ហើយនេះអ្នកម៉ាក់គិតចង់ទៅណា?” វ៉ាល់នៀរ៍ អត់ឆ្ងល់មិនបានពេលអ្នកមានគុណបែរខ្លួនដើរ ផ្ទុយពីចូលទៅមើលថែបងប្រុសគេនៅខាងក្នុងបន្ទប់។

“ម៉ាក់ទៅផ្ទះវិញ!”

“ហើយម៉ាក់មិននៅមើលថែបងប្រុសទេឬ?”

“តិចទៀតមានអ្នកមកមើលថែគេហើយ” ម៉ាដាមតបទាំងញញឹមក៏៏ដើរចេញទៅបាត់ទុកត្រឹមការសង្ស័យដល់លោកដុកទ័រវ័យក្មេង តែគេក៏មិនបានចាប់អារម្មណ៍ក្រៅពីដើរធ្វើធុរៈរបស់ខ្លួនបន្ត។

 

តឹប តឹប

សម្រិបជើងមិនធ្ងន់ក៏មិនស្រាលដើរដោយដំណើរមួយៗ តាមឫកពាសុភាពរាបសាររបស់ខ្លួន ស្រីតូចរូបស្រស់ក្នុងវ័យម្ភៃបីឆ្នាំគ្រងដោយរ៉ូបសាមញ្ញបំផុតមិនសាកសមជាអ្នកនាងអីបន្តិច គ្មានអ្នកណាស្គាល់ថានាងជាអ្នកណាក្រៅពីមនុស្សជិតដិតដែលមិនប៉ុន្មាននាក់នេះឯង! ហ្វេនស៊ី ម៉ារីណូ ហារី ជាបុត្រីពៅប្រចាំត្រកូល ម៉ារីណូ ហារី ក៏៏ជាទីគាប់ចិត្ត ជាកែវភ្នែកជាគ្រាប់ពេជ្ររបស់អ្នកផ្ទះដូចគ្នា ដែលសំខាន់បំផុតនោះក៏ជាគូដណ្ដឹងរបស់អ្នកប្រុសច្បងនៃត្រកូល ហ្វីលីព ប្រាយស៍ទីស៍ គេគឺ វ៉ាលែនសៀស៍ ហ្វីលីព ប្រាយស៍ទីស៍ ដែលជាអ្នកជំងឺកំពុងតែត្រាំត្រែងនៅក្នុងបន្ទប់នេះឯង... ស្រីក្រមុំស្រស់អើតឡើមពីមុខបន្ទប់បែបគ្មានការជឿជាក់ តែពេលបានឃើញរាងកាយមាំមួនដែលអង្គុយត្រាំត្រែងនៅលើគ្រែ សាមីខ្លួនញោចញញឹមសប្បាយចិត្ត មិនបង្អង់យូរក៏ប្រញាប់រុញទ្វារចូលទៅខាងក្នុង។

“បង...” ហាមាត់និយាយតែប៉ុណ្ណឹង ហ្វេនស៊ី ក៏ស្ងាត់មាត់ទៅវិញមិនហ៊ានរំខានអ្នកកំលោះ។

ស្រីតូចច្រឡឹងយករបស់ដែលខ្លួនទិញម៉ោ ទៅទុកនៅលើតុក្បែរនោះបន្ទាប់មកក៏ដួសបបរដែលខំធ្វើដោយផ្ទាល់ដៃដាក់ចានឱ្យអ្នកជំងឺ ទាំងមានវត្តមានគូដណ្ដឹងនៅក្នុងនេះទៅហើយ តែមនុស្សកំពុងឆ្កួត​នឹងទុក្ខសោកមិនខ្វល់មិនអើពើសូម្បីតែបន្តិច បង្ហាញឫកពាហាក់ដូចស្រីស្រស់ត្រឹមជាវិញ្ញាណផ្សែងរសាត់អណ្ដែតគ្មានរូបរាងអ៊ីចឹង! តែទោះជាគេមិនខ្វល់ពីនាងក៏សាមីខ្លួនមិនបានអើពើគិតច្រើន ផ្ទុយមកវិញបែរជាកាន់តែយកចិត្តទុក ដាក់នឹងគេកាន់តែខ្លាំង! នាងគឺបែបនេះចំពោះគេតាំងពីដើមមកហើយ ទោះ ជាអ្នកម្ខាងទៀតមិនចាត់ទុកនាងជាគូដណ្ដឹង មានស្រីច្រើនរាប់មិនអស់ ក៏នាងនៅតែមិនយកចិត្តទុកដាក់ខឹងស្អប់គេ បើទោះត្រូវពួនសំងំយំជាច្រើនលើកច្រើនសារ ឈឺចាប់ស្ទើតែបែកទ្រូង តែនាងនៅតែមិនអាចហាមចិត្ត ហាមបេះដូងឱ្យឈប់ស្រលាញ់គេបានដូចគ្នា ដូចជាពេលនេះទោះជាដឹងថាគេកំពុងតែទុក្ខសង្រែកនឹងការបាត់បង់ស្រីជាទីស្រលាញ់​ តែនាងក៏មិនអាច

ទៅហាមឃាត់គេបានដូចគ្នា។

ធ្វើយ៉ាងណានេះប្រហែលជាវែនកម្មពីជាតិមុនរបស់នាងអ៊ីចឹងមានតែបិទភ្នែក ញញឹមទទួលយកជោគវាសនារបស់ខ្លួនទៅចុះ...

“បងភ្ញាក់យូរហើយឬ? ឮអ្នកម៉ាក់ប្រាប់ថាបងមិនទាន់បានញ៉ាំអ្វីទើបអូនដាំបបរមកឱ្យបងញ៉ាំ ឆាប់មានកម្លាំងជាងនេះ” ហ្វេនស៊ី ប្រាប់ផងផ្លុំបបរឱ្យឆាប់ត្រជាក់ផងជាមួយស្នាមញញឹមមិនប្រែ ​ផ្ទុយពីអ្នកខ្លះមុខងាប់តែម្ដង “ម៉ោះបងញ៉ាំបន្តិចទៅ អាយយ...”

ប្រាវ ភិស!

ចានបបរត្រូវធ្លាក់បែកតាមការគ្រវាសរបស់ម្ចាស់រាងក្រាស់ ធ្វើឱ្យដៃ.សខ្ចីរលាកនឹងបបរដែលមិនទាន់អស់ក្ដៅទៅជាក្រហមងាំងតែម្ដង។

មិនញ៉ាំក៏អត់ទៅចាំបាច់អីគ្រវាសចោលដែលចំជាគ្មានមាយាទមែន មិនអាណិតគ្នាដែលខំយកមកអីបន្តិចសោះ...

“ចេញទៅ!!”

“បង វ៉ាល់សៀស៍”

“យើងប្រាប់ឱ្យនាងចេញទៅ!!!” ពេលអ្នកចំពោះមុខនៅតែក្បាលរឹងមិនព្រមចេញ មនុស្សឆ្កួតកំពុងចិត្តស្រែកគំហកជាមួយនឹងកែវភ្នែកពោរពេញដោយភ្លើងកំហឹង សម្លឹងមុខតូចហាក់ចង់ហែកសាច់នាងស៊ីឱ្យបានអ៊ីចឹង។

“នេះមានរឿងអីហ្នឹង?” វ៉ាល់នៀរ៍ ដែលតាំងចិត្តមកមើលអាការៈបងប្រុសជាថ្មី ស្ទុះចូលមកពេលបានឮសំឡេងស្រែកគំហកពីខាងក្រៅមុននេះ ពេលចូលមកដល់ក៏ត្រូវស្លុតចិត្តជាមួយនឹងរូបភាពដែលបានឃើញ ជាពិសេសគឺ ហ្វេនស៊ី ដែលកំពុងញ័រខ្លួនដូចកូនសត្វដៃម្ខាងឱបរបួសពីការរលាករបស់ខ្លួនឃើញហើយក៏អត់អាណិតមិនបាន។

“ហ៊ឹក!...”

“ហ្វេនស៊ី ចេញទៅក្រៅឱ្យគេលាងរបួសឱ្យសិនទៅចាំបងនិយាយ

ជាមួយគាត់” វ៉ាល់នៀរ៍ ដែលមានចិត្តចំពោះអ្នកម្ខាងទៀតលើសពីពាក្យថាប្អូនស្រី ឃើញហើយអត់ខ្លោចចិត្តមិនបាន ទើបប្រញាប់ដេញស្រីតូចឱ្យទៅខាងក្រៅ! គេដឹងថាខ្លួនខុសដែលមានចិត្តចំពោះនាង តែឱ្យធ្វើយ៉ាងណាក្ដីស្រលាញ់មិនអាចហាមបាននោះអី តែគេនឹងប្រឹងឃាត់ចិត្តមួយនេះទុកជ្រៅនៅក្នុងទ្រូង ព្រមបើកចិត្តទទួលយកថានាងត្រូវជាអនាគតបងថ្លៃរបស់ខ្លួន។

ហ្វេនស៊ី ដើរចេញមកឈរនៅខាងក្រៅបន្ទប់ ភ្នែកក៏ចោលសម្លឹងទៅខាងក្នុងមើលទៅអ្នកខ្លះដែលមានឈ្មោះថាជាអនាគតស្វាមី ដែលទើបតែហិង្សាមកលើខ្លួនមុននេះទឹកភ្នែកជាច្រើនតំណក់ស្រក់កាត់ផែនថ្ពាល់ទាំងមិនអាចហាមឃាត់បានបន្តទៀត។

“ឬមួយខ្ញុំគ្មានសិទ្ធិសូម្បីឈរក្បែរខ្លួនបង!” នាងមិនសង្ឃឹមថាយកបានបេះដូងរបស់គេបាននោះទេគ្រាន់តែស្រមៃថាអាចមានវត្តមានក្បែរខ្លួនគេគឺគ្រប់គ្រាន់ហើយ តែមើលទៅកុំថាឡើយបេះដូង សូម្បីតែរាងកាយគេក៏នាងគ្មានសិទ្ធិគួរប្រាថ្នាដែរ។


ប្រកាស​​ដ៏​ពេញនិយម​ពី​ប្លុក​នេះ

ភរិយាលម្អទ្រនំ

ភរិយាលម្អទ្រនំ

ភរិយាលម្អទ្រនំ