ភរិយាលម្អទ្រនំ
“កូនកំលោះរបស់អ្នកនាងមកដល់ហើយ!” នារីបុគ្គលិកឱនខ្សឹបជា
មួយ ហ្វេនស៊ី ដែលសាមីខ្លួនក៏ប្រញាប់ងាកមើលទាំងសប្បាយចិត្ត
តែមិនប៉ុន្មានស្នាមញញឹមទាំងនោះត្រូវរលាយ
តែមិនអស់ប៉ុន្មានព្រោះមិនចង់ឱ្យអ្នកដែលទើបតែមកដល់សង្ស័យ។
“គាត់មិនមែនជាកូនកំលោះរបស់ខ្ញុំទេ
តែគាត់ជាបងប្រុសរបស់ខ្ញុំ” ហ្វេនស៊ី ព្យាយាមញញឹមស្រស់មកកាន់តែអ្នកចំពោះមុខ
ដោយមិនភ្លេចងាកមកញញឹមដាក់បងប្រុសកំពូលចាយរាយរបស់ខ្លួន “ម៉េចក៏បងមកទីនេះ?”
ក្រមុំតូចទទួលថង់អីវ៉ាន់ពីបុគ្គលិកមុននឹងដើរទៅរកបងប្រុសសង្ហា។
“ចៃដន្យបើកកាត់ទីនេះទើបចូលមកមើល
ក្រែងលោអូនមិនទាន់ត្រលប់ទៅវិញ ហើយអូនក៏នៅទីនេះពិតមែន... ហើយនេះ វ៉ាល់សៀស៍ គេទៅណាហើយ?
នេះកុំប្រាប់ឱ្យសោះថាមិនម៉ោ!” ហ្វ្រេង លែងមានទឹកមុខលេងសើចដូចមុននេះ
មុខប្រែជាមាំក្រញូវតែម្ដងមិនប្រាប់ក៏ដឹងថាគេមានគំនិតចង់ដាល់អ្នកម្ខាងទៀតដែរ
ទើបអ្នកយល់ចិត្តដូចជាប្អូនស្រីប្រញាប់រកលេសដោះស្រាយ។
“អ្នកណាថា!
គាត់មកតើគ្រាន់តែមុននេះប្រាប់ថាមានការរវល់ទើបសុំត្រលប់ទៅវិញមុន” ហ្វេនស៊ី
តបទាំងមិនភ្លេចញញឹមស្រស់ដូចដើមមិនឱ្យមានពិរុទ្ធ
ទើបអ្នកជាបងប្រុសមិនអាចចាប់កំហុសអ្នកពូកែលេងទឹកមុខដូចជាប្អូនស្រីបាន។
“ទោះយ៉ាងណាក៏ត្រូវចាំជូនអូនត្រលប់ទៅវិញដែរ មិនមែនមានការហើយក៏ទុកអូនចោលម្នាក់ឯងបែបនេះទេ”
“បងកុំថាឱ្យគាត់អី
យ៉ាងណាមនុស្សម្នាក់ៗតែងតែមានការត្រូវដោះស្រាយរៀងៗខ្លួន
ពួកយើងដាក់សម្ពាធគាត់ពេកមិនបានទេ” សម្ដីប្អូនស្រីឱ្យបងប្រុសអត់បង្អាប់មិនបាន។
“ស្រលាញ់គ្នាដល់ហើយហ្ន៎!”
“មិនមែនទេ! អូនគ្រាន់តែនិយាយតាមការពិតប៉ុណ្ណោះ
ម្យ៉ាងជ្រុលជាបងមកទៅហើយ អូនត្រលប់ទៅវិញជាមួយបងវាក៏បានដូចតែគ្នាហ្នឹង” ហ្វេនស៊ី
នៅមិនឈប់ញញឹមបន្លប់ទុក្ខសោករបស់ខ្លួនដដែល
ដែលអ្នកមិនដឹងដូចជាបងប្រុសមិនសូវចាប់អារម្មណ៍
តែបុគ្គលិកនៅក្នុងហាងស្ទើតែស្រក់ទឹកភ្នែកជំនួសនាងទៅហើយ
មិនដែលឃើញមនុស្សស្រីណាល្អបែបនេះទាំងដែលត្រូវគេទុកចោលហើយ នៅនិយាយយកល្អឱ្យគេទៀត។
ល្អហើយយ៉ាងម៉េច
យ៉ាងណាក៏អ្នកម្ខាងទៀតគ្មានថ្ងៃបានឃើញរូបភាពល្អរបស់នាងដែរ
ព្រោះគេមិនដែលយកភ្នែកមើលនោះអី...
“ហើយនេះបើបងមិនមកអូនបានអីត្រលប់ទៅវិញ?”
“តាក់ស៊ីនោះអី!”
“ហ៊ឹស! អូននេះ... ម៉ោះឱ្យរបស់មកបងជួយកាន់”
និយាយហើយមិនចាំឱ្យប្អូនស្រីយល់ព្រម ហ្វ្រេង
ទាញថង់ឈុតរៀបការពីប្អូនស្រីមកកាន់ក្នុងដៃតែម្ដង
នៅមានលើកដៃម្ខាងមកឱ្យនាងក្រមុំកៀកថែមទៀតធ្វើដូចជាគូស្នេហ៍គ្នាអ៊ីចឹង។
ហ្វេនស៊ី
ឱបដៃបងប្រុសដើរចេញទៅយ៉ាងសិ្នទ្ធស្នាលខ្លាំងមែនទែន
អ្នកមិនដឹងអាចថាពួកគេជាគូស្នេហ៍នឹងគ្នាតែមិនមែនជាបងប្អូននោះទេ តែទោះជាបងប្អូនម្នាក់ៗក៏អត់ច្រណែននឹងនាងក្រមុំមិនបានដូចគ្នា
ដែលមានបងប្រុសដ៏សែនសង្ហាចាប់យកចិត្តយកថ្លើម មើលថែដូចជាព្រះនាងបែបនេះ
ថាអត់ច្រណែនម៉ាម៉ាត់ ហុ ហុ...
តាមដងវិថីធ្វើដំណើរ ហ្វ្រេង
ស្ងប់ស្ងាត់ព្រោះផ្ដដោតអារម្មណ៍ទៅលើការបើកបរ ដែលវាជាទម្លាប់របស់គេស្រាប់ទៅហើយ តែមនុស្សដែលខុសទម្លាប់គឺជាប្អូនស្រីរបស់គេនេះឯង
ក្នុងពេលដែលរាល់ដងចូលចិត្តនិយាយប៉ប៉ាច់ប៉ប៉ោចមិនឈប់
តែថ្ងៃនេះបែរជាស្ងៀមស្ងាត់ហាក់មានទុក្ខកង្វល់នៅក្នុងចិត្តអ៊ីចឹង! ហ្វេ្រង
ងាកមើលប្អូនស្រីដែលអង្គុយស្ងៀមបែរមុខទៅមើលផ្លូវម្ខាងទៀតឆ្លាស់គ្នានឹងផ្លូវចំពោះមុខជាច្រើនលើកច្រើនសារ
តែក៏មិនហ៊ានសួរនាំ ទម្រាំតែដាច់ចិត្តសួរឡើងយូរតែម្ដង។
“អូនកើតអី ហ្វេនស៊ី
ម៉េចក៏ថ្ងៃនេះស្ងៀមស្ងាត់ម្ល៉េះ?”
សំណួរបងប្រុសទាញស្មារតីអ្នកភ្លឹកគិតភ្លើតភ្លើនមុននេះភ្ញាក់បន្តិច។
“គ្មានអីទេបង”
“ម៉េចក៏ថាគ្មាន ឃើញអង្គុយសម្លឹងទៅខាងក្រៅរហូតថែមទាំងមិនមាត់.កអ្វីទៀត
អូនមានរឿងអ្វីពិបាកចិត្តមែនទេ?”
“តិចតួចប៉ុណ្ណោះ!”
“រឿងរៀបការឬ?”
ប៊ុម!
មិនខុសទេស្រីតូចពិតជាគិតពីរឿងរៀបការពិតមែន
គ្រាន់តែថាបងប្អូនពីរនាក់នេះប្រហែលជាគិតក្នុងន័យផ្សេងគ្នាតែប៉ុណ្ណោះ។
“ចាស!”
“ភ័យឬ? មិនដឹងថាក្រោយរៀបការត្រូវបំពេញតួនាទីជាប្រពន្ធជាម្ដាយបែបណាឬ?
ហ៊ឹសៗ”
បងប្រុសសួរនាំលាយឡំអស់សំណើចប្រាកដណាស់ថាសំណួររបស់គេសាងឱ្យអ្នកស្ដាប់មុខក្រហមតែម្ដង។
“បងប្រុស!”
តាមពិតរឿងនេះនាងមិនបានបារម្ភប៉ុន្មានទេ អ្វីដែលនាងបារម្ភខ្លាំងនោះគឺបន្ទាប់ពីរៀបការទៅជីវិតនាងជួបការឈឺចាប់អ្វីខ្លះ
ក្នុងពេលដែលយើងជ្រើសរើសគូជីវិត ជាមួយអ្នកដែលគេមិនបានស្រលាញ់យើង
ថែមទាំងមានច្បាស់បេះដូងរួចទៅហើយ។
ដឹងថាបែបនេះហើយ ឈឺចាប់នៅថ្ងៃមុខហើយ
បើសួរថាបើបកក្រោយទេ? ពិតណាស់ចម្លើយនាងគឺអត់ទេ... នាងស្រលាញ់គេបើទោះជាត្រូវឈឺចាប់ជាងនេះរាប់ម៉ឺនរាប់ពាន់ដងក៏នាងព្រមដែរ
សុំត្រឹមនាងមានខ្យល់ដង្ហើមបានក្បែរមនុស្សដែលខ្លួនស្រលាញ់ទៅគឺបានហើយ
ទោះត្រូវលះបង់អ្វីក៏នាងមិនស្ដាយក្រោយដែរ។
ជម្រើសមនុស្សម្នាក់ៗគ្មានអ្នកណាមកសម្រេចបានក្រៅពីសាមីខ្លួននោះទេ
ដូច្នេះហើយកុំស្ដាយក្រោយនៅថ្ងៃដែលទទួលបានលទ្ធផល....
មួយសប្ដាហ៍ក្រោយមក
នៅទីបំផុតថ្ងៃដែលគ្រប់គ្នាទទឹងរង់ចាំក៏បានមកដល់
ជាពិសេសគឺកូនក្រមុំផ្ទាល់តែម្ដងទឹកមុខពោរពេញទៅដោយក្ដី ញញឹមញញែមបិទមាត់មិនជិត
ផ្ទុយពីកូនកំលោះដែលមានទឹកមុខស្មើធេងទោះមិនបានក្រញូវតែក៏គ្មានពន្លឺក្ដីសុខអ្វី
ហាក់គ្មានអារម្មណ៍អ្វីជាមួយនឹងមង្គលការនេះសោះហើយ
គេអាចមានអារម្មណ៍អ្វីបានទៅបើគេមិនបានស័្មគ្រចិត្តនឹងដើរចូលរោងការមួយនេះផង!
ដែលគេមកគឺសំណាងពេកទៅហើយ មិនរត់ចោលឱ្យផ្អើលអស់សកលលោកចាត់ទុកថាគេទុកមុខឱ្យហើយ។
ចាប់ផ្ដើមពិធីមិនប៉ុន្មាន
កម្មវិធីពេលព្រឹកក៏ចប់សព្វគ្រប់ វាលឿនខ្លាំងណាស់សម្រាប់កូនក្រមុំ
តែស្របពេលនោះអ្នកជាកូនកំលោះបែរជាមានអារម្មណ៍ថាតឹងថប់ ធុញទ្រាន់
ទឹកមុខងាប់ដូចគេយកទៅបាញ់ចោល មិនសមថាជាកីនកំលោះស្អីបន្តិចសោះ
ចង់ឱ្យគ្រប់យ៉ាងបញ្ចប់ឆាប់ៗ ហើយពេលនេះក៏បានបញ្ចប់ដូចក្ដីប្រាថ្នារបស់គេហើយ។
“កម្មវិធីពេលព្រឹកចប់ហើយខ្ញុំហត់សុំទៅសម្រាកសិនហើយ”
វ៉ាល់សៀស៍ ប្រាប់ចាស់ទុំទាំងសងខាងតែប៉ុណ្ណឹង ហើយក៏ដើរចេញទៅឆ្គុយ
តែមុខប្រពន្ធក៏មិនមើលផង ឫកពារបស់គេអត់មិនឱ្យអ្នកជាកូនក្រមុំ
អត់តូចចិត្តមិនបានតែក៏មិនបាននិយាយអ្វី ក្រៅពីបង្ហាញទឹកមុខស្មើជាតំណាង។
“កុំខឹងនឹងបងអីកូនគេអាចហត់នឿយទើបទៅជាបែបនេះ” ម៉ាដា
ម រ៉ូសស៊ីតា ចូលមកលួងលោមកូនស្រីពេលឃើញទឹកមុខមិនសប្បាយចិត្តរបស់នាង!
តែខណៈកូនក្រមុំបានតែញញឹម អ្នកជាបងប្រុសក៏ដាក់ផូងមកតែម្ដង។
“គេចេះហត់ហើយចុះ ហ្វេនស៊ី
មិនចេះហត់ទេហ្អេសអ្នកម៉ាក់!!” គេមិនមែនឌឺអ្នកម្ដាយ គ្រាន់តែនិយាយតាមបែបគ្រឺតមនុស្សក្រអឺតក្រទមតែប៉ុណ្ណោះ។
“ហ្វ្រេង! កូននេះ!!!” ម៉ាដាមងាកមកសម្លក់កូនប្រុសជាការហាមប្រាម។
“ខ្ញុំមាននិយាយខុសឯណាម៉ាក់
មើលចុះប្អូនស្រីរបស់ខ្ញុំញញឹមឱ្យពព្រាយតាំងពីដើមពិធីដល់ចុងពិធី
ខណ:កូនប្រសាប្រុសម៉ាក់វិញ មុខខ្មូរដូចគេយកទៅបាញ់ចោលអ៊ីចឹង!” នេះបើមិនយល់ថាជាមិត្តនឹងគ្នាទេ
គេច្បាស់ជាទៅដាល់កូនកំលោះឱ្យដឹងដៃណាណីហើយ... តែគេក៏បានត្រឹមតែគិតក្នុងចិត្តនេះឯង
មិនចង់មានរឿងនឹងមិត្តសម្លាញ់ ម្យ៉ាងក៏ក្រែងចិត្តចាស់ទុំដូចគ្នា។
“ហ្វ្រេង! នៅមិនឈប់និយាយទៀត” ម្ដងនេះប្រមុខជាអ្នកចេញមុខបង្ក្រាបកូនប្រុសច្បង។
“តែខ្ញុំថាបង ហ្រ្វេង និយាយក៏ត្រូវដែរ ថាអ៊ីចឹងទេប៉ាម៉ាក់?” វ៉ាល់
នៀរ៍
មិនកាន់ជើងបងប្រុសតែក៏ជួយចាក់ថែម ដោយមិនភ្លេចងាកមកសុំយោបល់ពីឪពុកម្ដាយដូចគ្នា។
“...”
“...”
ពេលត្រូវកូនប្រុសសួរ
ចាស់ទុំទាំងពីរក៏មិនដឹងនិយាយអ្វីបានត្រឹមតែសើចរអៀសចិត្ត
ក៏នឹកអាណិតកូនប្រសាស្រីដូចគ្នា តែឱ្យពួកគត់ធ្វើយ៉ាងណាបើកូនប្រុសម្នាក់នោះក្បាលរឹងបែបនេះស្រាប់ទៅហើយ
នេះសំណាងហើយដែលព្រមចូលពិធីមិនទុកឱ្យចាំស្កកនោះ។
“ម៉ាក់ថាបានហើយពួកយើងឈប់និយាយពីរឿងនេះអី នាំតែមិនសប្បាយចិត្ត...
ហ្វេនស៊ី
មើលទៅកូនក៏ហត់ណាស់ដែរឆាប់ទៅសម្រាកទៅន្អាលមានកម្លាំងសម្រាប់ទទួលភ្ញៀវនៅកម្មវិធីពេលយប់ទៀត”
ឃើញទឹកមុខកូនស្រីកាន់តែមិនស្រួលខ្លាំង
ម៉ាដានកាត់ផ្ដាច់សន្ទនាដោយការឱ្យកូនក្រមុំទៅសម្រាក
មិនចង់ឱ្យនាងគិតច្រើននាំកើតទុក្ខ។
“ចាសអ្នកម៉ាក់ អ៊ីចឹងខ្ញុំសុំខ្លួនសិនហើយ!” ហ្វេនស៊ី
ឱនគំនាបដាក់សមាជិកគ្រួសារគ្រប់គ្នាបន្តិច មុននឹងបែរខ្លួនចេញទៅទាំងប្រឹងទប់ទឹកមិនភ្នែកមិនឱ្យស្រក់ចុះមក។
ពេលវេលាពិតជាដើរលឿនណាស់
ទើបតែចប់កម្មវិធីពេលព្រឹកសម្រាកមិនបានប៉ុន្មាន
ពេលនេះកម្មវិធីពេលយប់ក៏កន្លងផុតទៅយ៉ាងរលូនមួយទៀតទៅហើយ!
កូនកំលោះកូនក្រមុំត្រូវសមាជិកគ្រប់គ្នា
ជូនចូលមកក្នុងបន្ទប់ផ្សំដំណេកម្នាក់ៗមានតែទឹកមុខពោរពេញទៅដោយក្ដីសុខ មានតែម្នាក់ប៉ុណ្ណោះដែលប្រាស់ចាកស្នាមញញឹម
មិនបាច់និយាយក៏អាចដឹងដែរថាជាអ្នកណាហ្ន៎។
“ម៉ាក់ជូនពរកូនទាំងពីរស្រលាញ់គ្នាដល់ចាស់
មានសុភមង្គលក្នុងគ្រួសារ! មានបញ្ហាអ្វីត្រូវចេះអត់ធ្មត់
ចេះអត់ឱនឱ្យគ្នាទៅវិញទៅមកដឹងហើយនៅ” ម៉ាដាម យៀកហ្វី
ក្ដោបដៃគូស្វាមីភរិយាទាំងពីរព្រមគ្នា។
“ចាសអ្នកម៉ាក់”
“បាទ” ឆ្លើយកំបុតមិនពេញចិត្ត។
“ជូនពរឱ្យកូនទាំងពីរមានក្ដីសុខ”
“ជាប្រពន្ធគេហើយមិនអាចងរង៉ក់បានទៀតទេ
ត្រូវចេះអត់ធ្មត់ដឹងហើយនៅកូនស្រី” អ្នកម្ដាយផ្ដែផ្ដាំហាក់ដឹងអ៊ីចឹងថាកូនស្រីនឹងអាចជួបអ្វីខ្លះក្រោយជីវិតអាពាហ៍ពិពាហ៍។
“ចាសអ្នកម៉ាក់ ខ្ញុំដឹងហើយ” ហ្វេនស៊ី
តបអ្នកម្ដាយទាំងងាកមើលស្វាមីពេញសិទ្ធិរបស់ខ្លួន
ខណៈអ្នកខ្លះវិញតែកន្ទុយភ្នែកក៏មិនមើលនាងផង។
“បងចង់បានក្មួយពរ ឆាប់មានក្មូយឱ្យបងដឹងនៅ” ហ្វ្រេង
បង្អាប់ប្អូនសម្រួលបរិយាកាសកុំឱ្យតានតឹងជាងនេះ។
“បងប្រុស!” ពេលនេះមុខនាងក្រហមឡើងដូចប៉េងប៉ោះទុំទៅហើយ។
“ហាសហា!
ខ្ញុំថាបានហើយកុំរំខានពេលកូនកំលោះកូនក្រមុំអី ពួកកូនឆាប់ចូលបន្ទប់ទៅ” ប្រមុខ
វីល្លៀម ដេញកូនប្រុសនឹងកូនប្រសារដែលមនុស្សមុខងាប់ក៏បែរខ្នងដើរចូលបន្ទប់ មិនចាំកូនក្រមុំទាល់តែសោះឃើញហើយអត់គ្រឺតចង់វ៉ៃមិនបាន។
ហ្វេនស៊ី
បិទទ្វារក្រោយលែងមានវត្តមានរបស់សមាជិកគ្រួសារណាម្នាក់នៅមុខបន្ទប់ទៀត
នាងក្រមុំដើរកកែកករមករកអ្នកជាស្វាមីដែលកំពុងអង្គុយលើគ្រែទាំងទឹកមុខមិនប្រែ
(មុខងាប់) ត្រឹមរាងតូចច្រឡឹងដាក់បង្គុយក្បែរខ្លួនភ្លាម វ៉ាល់សៀស៍ ស្ទុះក្រោកចេញយ៉ាងរហ័សតែម្ដង
ធ្វើដូចនៅជិតកំអែបន្ទុះភ្នំភ្លើងអ៊ីចឹង...ហ្វេនស៊ី
ខាំមាត់សម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ជាមួយឫកពាខ្ពើមរអើមរបស់អ្នកជាស្វាមីមានចំពោះខ្លួន។
“បងចង់ទៅណាហ្នឹង?” អ្នកជាកូនក្រមុំស្ទុះក្រោកវឹងសួរនាំពេលឃើញអ្នកជាកូនកំលោះ
រៀបឫកពាបម្រុងចេញទៅក្រៅបន្ទប់!
ចង់ចេញក៏ចេញចុះនាងមិនថាទេបើនេះមិនមែនជយប់ផ្សំដំណេករបស់ពួកនាង។
“ខ្ញុំទៅដេកបន្ទប់មួយទៀតនាងនៅបន្ទប់នេះម្នាក់ឯងចុះ”
វ៉ាល់សៀស៍ តបទាំងមិនងាកភ្នែកមើលភរិយាស្អីបន្តិចសោះ។
“តែ...”
ប៉ាំង
មិនទាំងទាន់បាននិយាយអ្វីផង
ទ្វារបន្ទប់ត្រូវទាញបិទមួយទំហឹងហាក់មិនចង់ស្ដាប់សម្ដីរបស់នាងបន្តទៀត! ខណ:ពេលរាងក្រាស់លែងមានវត្តមាននៅក្នុងបន្ទប់នេះទៀត
ពេលនេះឯងដែលទឹកភ្នែកដែលខំទប់ជាខ្លាំងសំឡេងឈឺចាប់ដែលប្រឹងលាក់ត្រូវរបូតចេញមកដោយមិនអាចហាមបានតទៅទៀត។
“ហ៊ឹក!...” ហ្វេនស៊ី
លើកដៃខ្ទប់មាត់មិនចង់ឱ្យសំឡេងទន់ជ្រាយបានឮដល់អ្នកណា។
ពិបាកណាស់! គ្មានអ្វីឈឺស្មើការឈឺចាប់គ្មានសំឡេងនោះទេ...ឈឺចង់ស្រែកតែក៏មិនអាចធ្វើបាន
ចង់យំតែក៏មិនចង់បង្ហាញភាពទន់ជ្រាយចេញទៅខាងក្រៅ អារម្មណ៍មួយនេះវាពិបាកខ្លាំងណាស់។
ព្រុស
ហ្វេនស៊ី ផ្ដួលខ្លួនគេងទៅលើគ្រែផ្សំដំណេក ដែលមានរោយស្រទាប់ផ្កាកុលាបជាច្រើននៅលើនោះ
នាងធ្លាប់គិតថាយប់នេះជាយប់ដែលមនុស្សស្រីគ្រប់រូប មានសុភមង្គលជាងគេ
ពផរពេញទៅដោយស្នាមញញឹមក្ដីសុខជាមួយមនុស្សប្រុសជាទីស្រលាញ់ តែគ្រប់យ៉ាងបែជាខុសស្រឡះ
មើលចុះពេលនេះនាងបែរជាកំពុងតែទឹកភ្នែកទៅវិញ។
“ហ៊ឹក! បងពិតជាចិត្តដាច់ដាក់ខ្ញុំណាស់
វ៉ាល់សៀស៍ ហ៊ឹក តែយ៉ាងណក៏ស្រីម្នាក់នេះ មិនធ្លាប់ឈប់ស្រលាញ់បងម្ដងណាឡើយ” ហ្វេនស៊ី
សំងំយ៉ាងស្ងៀមស្ងាត់រូតដល់គេងលក់ទាំងមិនដឹងខ្លួន
ទាំងស្នាមទឹកភ្នែកដាបជាប់ថ្ពាល់បង្ហាញពីភាពឈឺវេទនា
ដែលសាមីខ្លួនប្រឹងត្រដរឆ្លងកាត់។
ព្រោះហត់នឿយនឹងកម្មវិធី
ក៏អស់កម្លាំងនឹងការយំយែកកាលពីយប់ ហ្វេនស៊ី គេងលង់លក់ជ្រុលដោយមិនដឹងខ្លួន
នេះបើគ្មានសំឡេងរំខានទេ នាងក៏ប្រហែលជាមិនព្រមភ្នាក់ដូចគ្នាដែរមើលទៅ។
“អឹមម” ស្រីតូចក្រោកពត់ពែនខ្លួនព្រមទាំងឱនមកខ្លួនប្រាណ
ទើបនឹកឃើញថាកាលពីយប់យំរហូតគេងលក់ ទាំងមិនបានប្ដូរឈុតកូនក្រមុំ។
មិនមែនតែឈុតទេ ពេលនេះនាងក៏មានអារម្មណ៍ដល់ភ្នែកដែលតឹងរបស់ខ្លួនដូចគ្នា
មិនបាច់មើលកញ្ចក់ក៏អាចទាញដឹងថាហើមខ្លាំងប៉ុណ្ណាដែរ! ហ្វេនស៊ី
ស្ទុះចុះពីគ្រែក៏ជាពេលដែលអ្នកខ្លះដើរចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ដូចគ្នាពេលស្ថិតនៅក្នុងឈុតគ្រ័រហ្សេបែបនេះគេមើលទៅស្អាតសង្ហាមួយបែបទៀត
ថ្នាក់អ្នកមើលត្រូវភ្លឹកសឹងតែស្រក់ទឹកមាត់ចុះមកទៅហើយ...
គ្រប់យ៉ាងនៅលើដងខ្លួនគេគឺភើហ្វិចហើយ បើមិនទាស់ត្រង់មុខងាប់មួយនោះ។
“បងទៅធ្វើការហើយឬ?” បន្ទាប់ពីទាញស្មារតីរបស់ខ្លួនមកវិញបាន ហ្វេនស៊ី
ប្រឹងបង្ហាញស្នាមញញឹមពព្រាយរបស់ខ្លួនរាក់ទាក់អ្នកជាស្វាមី
តែអ្វីដែលនាងទទួលបានពីគេវិញគឺ...
“ល្ងាចនេះម៉ាក់ឱ្យទៅជួប” ឆ្កុយ!
គេសួរគោឯងឆ្លើយក្របីចឹងទៅ នៅមានអាមុខគ្មានគ្រាប់ជីនេះទៀត
ខ្សោះជាតិទឹកតែម្ដងបានជាមិនចេះរីកសោះហ្នឹង។
“ចាស” ហ្វេនស៊ី
មិនបានថាម៉េចទៀតបានតែឆ្លើយតបទទួលដឹង
ព្រោះដឹងថាដែលគេប្រាប់គឺចង់ឱ្យខ្លួនបានត្រៀមខ្លួនជាមុន! ព្រោះមនុស្សដូចជាគេមិនចូលចិត្តចាំនោះអី...
អ្នកជាប្រពន្ធបានតែឈរមើលស្វាមី
ដើរចេញពីបន្ទប់ទៅធ្វើការ ទាំងមិនបានបំពេញតួនាទីជូនដំណើរស្វាមី...
ដែលមិនជូនមិនមែននាងខឹងគេទេ តែព្រោះសភាពរបស់នាងទៅវិញទេ
ចុះទៅនាំតែត្រូវអ្នកបម្រើសើចចំអកទេ! ហ្វេនស៊ី ដកដង្ហើមធំបោសវាសគំនិតសោកសៅទុកមួយដុំ
ទៅចាត់ការសម្អាតខ្លួនប្រាណ ឱ្យស្រឡះមុខស្រឡះមាត់ជាងនេះ
នាងមិនអាចមកកើតទុក្ខត្រឹមរឿងប៉ុណ្ណឹងទេ ព្រោះ បន្ទាប់ពីនេះនៅមានបញ្ហាច្រើនណាស់
រង់ចាំឱ្យនាងទៅដោះស្រាយបន្ត។
ហ៊ើយ! ជីវិតជាប្រពន្ធគេគឺពិបាកអ៊ីចឹងឯង ហុ
ហុ...